By Kosal Sem
Copyright kampucheathmey
កីឡាករលេងតួនាទីស្មាត់របស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា គួន ម៉ុម បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុម ហាណូយ (Ha Noi) បន្តមានកៅអីលេងក្នុងលីគបាល់ទះទី ១ វៀតណាម The Vietnam National Volleyball Championship នៅឆ្នាំក្រោយ ២០២៦ បន្តទៀត។
ការប្រកួតលីគបាល់ទះ វៀតណាម The 2025 Vietnam National Volleyball Championship បានបញ្ចប់ជាស្ថាពរហើយ ត្រឹមថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ម្សិលមិញ។ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុម Border Guard MB បន្ទាប់ពីយកឈ្នះលើក្រុម Tan Cang Sports Center នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់ ២ កាលពីថ្ងៃទី ១៥ ខែ តុលា។ ចំណែកក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Ho Chi Minh City Police ក្រោយយកឈ្នះលើក្រុម LP Bank Ninh Binh ក្នុងលទ្ធផល ៣ សិត ១ កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥។
ងាកមកកាន់ក្រុម Ha Noi របស់ គួន ម៉ុម វិញ បានបញ្ចប់ពានលីគបាល់ទះវៀតណាម ២០២៥ នេះ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ៥ បន្ទាប់ពីឆ្លងកាត់ការប្រកួតដំណាក់កាលទី ២ ដែលជាជុំចុងក្រោយ ៦ ប្រកួត ឈ្នះ ៤ និងចាញ់ ២ មាន ១១ ពិន្ទុ។
យ៉ាងណា បើគិតអំពីលទ្ធផលនេះ អាចនិយាយបាន ថា កីឡាករគួន ម៉ុម ពិតជាមានគុណសម្បត្តិច្រើនក្នុងការជួយក្រុម Ha Noi នៅជុំទី ២ នេះ ព្រោះអំឡុងការប្រកួតកាលពីជុំទី ១ មុនពេលមានវត្តមានស្មាត់ជម្រើសជាតិ កម្ពុជា អាយុ ២៧ ឆ្នាំ កម្ពស់ ១.៩៨ ម៉ែត្រ ពួកគេបានឆ្លងកាត់ការប្រកួត ៧ ប្រកួត ចាញ់ ៦ និងឈ្នះត្រឹម ១ ប្រកួតប៉ុណ្ណោះ និងឈរនៅលេខ ៨ ដែលជាចំណាត់ថ្នាក់បាតតារាង។
ប៉ុន្តែលទ្ធផលក្រុមទាំងមូល បានប្រែផ្ទុយស្រឡះនៅជុំទី ២ ចាប់តាំងពីពួកគេចុះកិច្ចសន្យាយកគួន ម៉ុម នៅក្នុងខែ តុលា ឆ្នាំ ២០២៥ ដោយពេលនេះពួកគេបានបញ្ចប់ការប្រកួតលីគបាល់ទះ វៀតណាម ២០២៥ ដោយហក់ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៥ វិញ និងរឿងសំខាន់មួយទៀត ពួកគេទទួលបានកៅអីបន្តលេងក្នុងលីគបាល់ទះទី ១ វៀតណាម នៅឆ្នាំក្រោយបន្តទៀត។
ដោយឡែកក្រុម Lavie Tay Ninh គឺជាក្រុម ដែលត្រូវកាត់ចេញពីលីគបាល់ទះទី ១ វៀតណាម នៅឆ្នាំក្រោយ បន្ទាប់ពីពួកគេស្ថិតនៅលេខរៀងទី ៨ បាតតារាង ក្រោយឆ្លងកាត់ ៦ ប្រកួតក្នុងជុំទី ២ ឈ្នះ ១ និងចាញ់ ៥ មាន ៥ ពិន្ទុ៕
អត្ថបទ៖ សេម កុសល