Technology

លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ៖ មាន​តែ​ការ​សិក្សាទេ​ ទេីប​ធ្វេី​ឱ្យ​យេីង​ជៀសផុត​ពី​ការ​លំបាក

By Kang Tola

Copyright kampucheathmey

លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ៖ មាន​តែ​ការ​សិក្សាទេ​ ទេីប​ធ្វេី​ឱ្យ​យេីង​ជៀសផុត​ពី​ការ​លំបាក

ភ្នំពេញ​ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ជំរុញ​ឱ្យ​សិស្សនិសិត្សទាំងអស់ខំប្រឹង​ សិក្សារៀនសូត្រ​ ឱ្យ​មានចំណេះដឹង​ ទេីប​ក្លាយ​ជា​សសរ​ទ្រូង​ នៃគ្រួសារ​ និងប្រទេសជាតិ។

មាន​តែ​ការ​សិក្សា​មួយ​គត់​ទេីប​នាំ​ឱ្យ​យេីងអាចជៀស​ផុតជីវិភាពលំបាក​ ដូចពាក្យមួយបានពោលថា​ បេីយេីងឈប់រៀនដោយសារភាពក្រ​ នោះយេីងនឹងក្រមួយជីវិត​ បេី​សិន​យេីងឈប់រៀនដោយសារការលំបាកគឺយេីងនិងលំបាកមួយ​ជីវិត។

ដូច្នេះ​លោក​សូម​បំផុស​បំផុល​ស្មារតី​ដល់​យុវជន​គ្រប់​រូប​ឱ្យមាន​ឧត្ដមគតិ​ស្រលាញ់ការសិក្សា​ដេីម្បី​ជា​ទុន​ក្រែប្រែ​ជោគវាសនា​ពួក​យេីង​ ក៏​ដូច​ជា​ចូលរួម​ចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​ជាតិ​របស់​ពួក​យេីង​ផង​ និង​ការ​លេីកកម្ពស់ពីមួយជំនាន់ទៅមួយជំនាន់។

នេះ​បេី​យោង​តាម​ប្រសាសន៍​ លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា​ បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ជូន​និស្សិតជ័យលាភី នៅថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៥​ នៅ​សាកល​វិទ្យាល័យ​ ពាណិជ្ជសាស្ត្រ អេ​ ស៊ី លីដា។

ក្នុងឱកាសនេះផងដែរ​ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិកាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានថ្លែងថា​ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាសាកលវិទ្យាល័យ ដើម្បីភាពជោគជ័យក្នុងអាជីព មានចក្ខុវិស័យជាសាកលវិទ្យាល័យធុរកិច្ចឈានមុខប្រកបដោយឧត្តមភាពនិងភាពជោគជ័យរបស់និស្សិត មានមោទនភាពនិងកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់ ព្រមទាំងវត្តមានរបស់​ឯកឧត្ដម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ អន្ដរជាតិ មាតា-បិតា អាណាព្យាបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកសិក្សា ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ចែកសញ្ញាបត្រ​ជូននិស្សិតជ័យលាភី សរុបចំនួន ៦៣២ នាក់ ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ៣៨នាក់, បរិញ្ញាបត្រ ៤២៦នាក់ និងបរិញ្ញាបត្ររង ១៦៨នាក់ ក្នុងឱកាសដ៍មានសារៈសំខាន់នេះ ។

ស្ថិតក្នុងបរិយាកាសអធិកអាធម និងមានអត្ថន័យនាពេលនេះ សូមគោរព​អនុញ្ញាត​រាយការណ៍ដោយសង្ខេប ជូន​អង្គពិធីអំពីវិវឌ្ឍនាការ និងសមិទ្ធផលដែលសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សម្រេចបានគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានដូចខាងក្រោម ៖

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមអនុក្រឹត្យលេខៈ ២៧ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ ០០០០៣៨៣៦ ។ មានបុគ្គលិកអចិន្ត្រៃយ៍សរុបចំនួន ១៧៥នាក់ ស្រី ៨២នាក់ សាស្ត្រាចារ្យ និងគ្រូបង្រៀនទាំងពេញម៉ោង និងវេលាការសរុបចំនួន២៨១នាក់ ក្នុងនោះមានគ្រូជនជាតិបរទេសចំនួន ៣ នាក់ ដែលសាស្រ្តាចារ្យ និងគ្រូបង្រៀនទាំងអស់មានសញ្ញាបត្រ ចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទ្បើងទៅ និងចំនួន២៥នាក់មានសញ្ញាបត្រកម្រិតបណ្ឌិត។

– សាកលវិទ្យាល័យមានកម្មវត្ថុធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមាន សាលាក្រោយបរិញ្ញាបត្រ និងមហាវិទ្យាល័យចំនួន០៥គឺ មហាវិទ្យាល័យហិរញ្ញវត្ថុនិងគណនេយ្យ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា។

– មានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដែលទទួលខុសត្រូវលើកិច្ចការស្រាវជ្រាវ បោះពុម្ពទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រ កិច្ចការបណ្តុះធុរកិច្ចថ្មី ធ្វើទំនើបកម្មនៃកម្មវិធីសិក្សា។ល។

– មានមជ្ឈមណ្ឌលការងារទទួលខុសត្រូវលើការស្វែងរកឱកាសការងារជូននិស្សិត ដោយធានាផ្តល់នូវព័ត៌មានគ្រប់គ្រាន់ពីស្ថាប័នដែលមានតម្រូវការបុគ្គលិក និងបច្ចេកទេសនៃការសរសេរប្រវត្តិរូបសង្ខេប ក៏ដូចជាគន្លឹះនៃការសម្ភាស ដើម្បីទទួលបានការងារធ្វើ ។

– ក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ទទួលបាននិស្សិតចុះឈ្មោះចូលសិក្សាចំនួន ០៩ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៩,២៣២ នាក់ និស្សិតស្រីចំនួន ៧,០៤៤ នាក់ ។ និស្សិតកំពុងបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង,បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់មាន ១៤០ ថ្នាក់ និស្សិតសរុបចំនួន ៥,៩០៧ នាក់ ស្រីមានចំនួន ៤,៤៩៤ នាក់ ។

➢ និស្សិតបញ្ចប់ការសិក្សា

▪️ ថ្នាក់បរិញ្ញាបត្ររង ៦ជំនាន់ មានចំនួន ៥៦៩នាក់ ស្រីចំនួន ៤៨៣ នាក់ ។

▪️ ថ្នាក់បរិញ្ញាបត្រ ៥ជំនាន់ មានចំនួន ១,២៩៧ នាក់ ស្រីចំនួន ១,០២៦ នាក់ ។

▪️ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២ជំនាន់ និស្សិតចំនួន ៥២ នាក់ ស្រីចំនួន ២៤នាក់ ។

▪️ សរុបនិស្សិតបានបញ្ចប់ការសិក្សាមានចំនួន ១,៩១៨នាក់ ស្រីចំនួន ១,៥៣៣នាក់ ។

▪️ យោងតាមរបាយការណ៍ស្តីពីការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ការសិក្សា និស្សិតមានការងារធ្វើចំនួន១,៨០៦នាក់ ស្មើនឹង៩៦% នៃចំនួនសិស្សិតបានបញ្ចប់ការសិក្សា និង ៤% ទៀតកំពុងបន្តការសិក្សាពុំទាន់មានបំណងរកការងារធ្វើនៅទ្បើយ។ ក្នុងនោះ ៨២,៧% មានការងារពេញម៉ោង៣,៦%មានការងារវេលាការ ២,២%មានសហគ្រាសផ្ទាល់ខ្លួន និង៨%ជានិស្សិតជួយអាជីវកម្មក្នុងគ្រួសារ។

▪️ និស្សិតចំនួន ៣១% នៃចំនួននិស្សិតកំពុងបន្តការសិក្សា ក៍កំពុងមានការងារធ្វើផងដែរ។

▪️ សាកលវិទ្យាល័យបាននឹងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រឲ្យសម្រេចបាននូវមជ្ឈមណ្ឌលឧត្តមភាពនៃការបង្រៀននិងរៀន(Center of Excellent of Teaching & Learning), ការកែលម្អកម្មវិធីសិក្សាលើការអនុវត្តការងារជាក់ស្តែង ជាពិសេសជំនាញទន់ ដោយបានបញ្ចូលវិធីសាស្រ្តបង្រៀនបែប Student Center រួមមាន Active learning, Inquiry-based, Project-based, កម្មវិធីហាត់ការនិងកម្មសិក្សាដល់និស្សិត និងបន្តអភិវឌ្ឍឱ្យបានល្អបំផុតពីមួយឆ្នាំទៅមួយឆ្នាំ ។

▪️ នៅក្នុងឆ្នាំ២០២៥នេះសាកលវិទ្យាល័យបានអភិវឌ្ឍមុខជំនាញថ្មីបន្ថែមគឺបរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Sceince) ។ ធ្វើ​ទំនើបកម្ម​សីតូបករណ៍​ស្របតាមយុគសម័យ ឌីជីថល ដោយកំពុងដំណើរការបំពាក់ Smart Class Room ជាបណ្តើរៗដែលនឹងផ្ដល់ឱ្យសាស្រ្តចារ្យ និង និស្សិតនូវបទពិសោធទាន់សម័យបំផុត នៃការបង្រៀននិងរៀន ។

▪️ ចាប់ពីឆ្នាំ២០២៦តទៅ សាកលវិទ្យាល័យមានគម្រោងអភិវឌ្ឍមុខជំនាញថ្មីបន្ថែមទៀត រួមមាន៖ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញបញ្ញាសម្បនិម្មិត Artificial Intelligent (AI) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ អភិបាលកិច្ចបច្ចេកវិទ្យាព័ត៌មាន (Information Technology Governance) និងមានគម្រោងបើកកម្រិតថ្នាក់បណ្ឌិត ជាដើម ។

▪️ សាកលវិទ្យាល័យបានជំរុញលើកទឹកចិត្តដល់សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតចូលរួមការងារស្រាវជ្រាវ និងបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ កន្លងមកបានបោះពុម្ពអត្ថបទស្រាវជ្រាវក្នុងទស្សនាវដ្តីស្រាវជ្រាវអន្តរជាតិ សរុបចំនួន៩អត្ថបទ ដែល៣អត្ថបទជាប់ក្នុង Scopus និងបានបោះពុម្ភទស្សនាវដ្តីស្រាវជ្រាវផ្ទាល់ខ្លួនគឺ AUB Research Series និង CJBPP ជាប្រចាំឆ្នាំ ដោយទទួលបានលេខ ISSN និង DOI សរុបបានចំនួន ៣២អត្ថបទ ។

▪️ កម្មវិធីExchange program ជាអន្តរជាតិ ក្រៅពីបន្តអនុវត្តតាមកម្មវិធីសិក្សាពីដៃគូសាកលវិទ្យាល័យ California Berkeley សហរដ្ឋអាមេរិច សាកលវិទ្យាល័យបានចុះអនុសារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ UNIVERISITAS MULTIMEDIA NUSANTARA (UMN) និង UNIVERSITAS MERDEKA MALANG (UMNER) នៃប្រទេសឥណ្ឌូនេស៊ី ដោយបានបញ្ជូននិស្សិតទៅសិក្សារយៈពេលខ្លីនៅប្រទេស Indonesia បានមួយជំនាន់ ។ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចូលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍(ASAIHL-អាសៃហ៊ីល)មានសមាជិក២៦៣សាកលវិទ្យាល័យមកពី២៨ប្រទេសទាំងនៅអាស៊ីនិងអឺរ៉ុប គិតត្រឹមឆ្នាំ២០២៤

▪️ សាកលវិទ្យាល័យក៏បានយកចិត្តទុកដាក់ចំពោះបរិស្ថានបានដាំកូនឈើនិងផ្កាជាច្រើនប្រភេទ សរុបចំនួន៨,២៦០ដើមនិងបន្តដាំឲ្យក្លាយជាសួនបរិស្ថានបៃតងមួយនៅរាជធានីភ្នំពេញ ។

ឯកឧត្ដម-លោកជំទាវ លោក-លោកស្រីនាងកញ្ញា ជាទីគោរព និងជាទីមេត្រី !

មុននឹងបញ្ចប់ ឆ្លៀត​ក្នុង​ឱកាស​ដ៏​មានសារៈសំខាន់នេះ ក្នុងនាមតំណាង ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង​បុគ្គលិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សូមថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុតចំពោះ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មាតា-បិតា អាណាព្យាបាល និង និស្សិតទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីចែកសញ្ញាបត្រនេះ និងសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបាននិងកំពុងគាំទ្រ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឱ្យទទួលបាននូវ សេចក្តីចម្រុងចម្រើន លូតលាស់ ប្រកបដោយមង្គលឧត្តុង្គឧត្តម រហូតដល់បច្ចុប្បន្ន។

ជាទីបញ្ចប់ សូមគោរពជូនពរលោក​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់គ្រប់គ្រង កម្មករនិយោជិត គ្រប់លំដាប់ថ្នាក់ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាតា-បិតា អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លាងឃ្លាតទ្បើយ៕