Health

រដ្ឋមន្រ្តីសុខាភិបាល ៖ សុវត្ថិភាពអ្នកជំងឺ ត្រូវចាប់ផ្តើមតាំងពីថ្ងៃដំបូង

By PH104

Copyright dap-news

រដ្ឋមន្រ្តីសុខាភិបាល ៖ សុវត្ថិភាពអ្នកជំងឺ ត្រូវចាប់ផ្តើមតាំងពីថ្ងៃដំបូង

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សុវត្ថិភាពអ្នកជំងឺ ត្រូវមានការចាប់ផ្តើមតាំងពីថ្ងៃដំបូង ដោយត្រូវរួបរួមគ្នា ដើម្បីធានាថាមាតា ទារក និងកុមារ គ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព ។

ក្នុងពិធីអបអរសាទរ និងបើកទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ទារកទើបនឹងកើត និងកុមារគ្រប់រូប នាថ្ងៃ១៧ កញ្ញា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពកុមារ ទារកទើបនឹងកើត និងមាតា ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (សុខភាពល្អ និងសុខុមាលភាព ដោយកំណត់គោលបំណង “នៅឆ្នាំ២០៣០ បញ្ចប់ការស្លាប់ ដែលអាចបង្ការបាននៃទារកទើបនឹងកើត និងកុមារអាយុក្រោម ៥ឆ្នាំ”។ ដោយសុវត្ថិភាពគឺជាអ្វីដែលអាចចៀសវាងបាន ការពារបាន សម្រួលបានពុំឲ្យកើតមានជាញឹកញាប់ និងកាត់បន្ថយដំណើរការមិនចាំបាច់ដែលបង្កឲ្យមានភាពខុសឆ្គង។

ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ត្រូវបានបង្កើតឡើងដោយសន្និបាតសុខភាពពិភពលោក (World Health Assembly) ក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងសកម្មភាពនៃសុវត្ថិភាពអ្នកជំងឺ។ ការប្រារព្ធទិវា នៅថ្ងៃនេះ ក្រោមពាក្យស្លោក «សុវត្ថិភាពអ្នកជំងឺត្រូវមាន ចាប់ផ្តើមតាំងពីថ្ងៃដំបូង!» ដើម្បីពង្រឹងសុវត្ថិភាព ក្នុងពេលសម្រាលកូន ការថែទាំក្រោយសម្រាល ការចាក់ថ្នាំបង្ការ ការធ្វើរោគវិនិច្ឆ័យ ការការពារការចម្លងមេរោគ និងការរកឃើញបញ្ហាគ្លីនិកឱ្យបានទាន់ពេល។

សាស្ត្រាចារ្យបន្ថែមថា ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងការកែលម្អគុណភាព ជាបន្តបន្ទាប់ គឺជាចំណុចសំខាន់​ ក្នុងការសម្រេចបាន នូវលទ្ធផលសុខភាព ប្រកបដោយសមធម៌ ។ ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល២០២១-២០៣០ គឺជាយុទ្ធសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំប្រកបដោយសុវត្ថិភាព ៕