Copyright kampucheathmey

លោក ហេង វិសាល បានចេញប្រតិកម្មភ្លាមៗ និងអំពាវនាវឱ្យអន្តរជាតិជួយចាត់វិធានការបន្ទាន់មួយ ដើម្បីដោះស្រាយទង្វើឈ្លានពាននេះ បើមិនដូច្នោះទេ អាចនឹងមានប្រទេសជាច្រើនទៀតយកគំរូតាមថៃ ដោយមិនស្តាប់ និងមិនខ្លាចច្បាប់អន្តរជាតិទៀតឡើយ ហើយភាពវឹកវរលើសកលលោកក៏អាចនឹងកើតមានផងដែរ។ ការទទូចនេះ គឺក្រោយទំព័រហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៧ កញ្ញានេះ បានប្រកាសពីសកម្មភាពរំលោភបទបាញ់ជាថ្មីម្តងទៀតរបស់យោធាថៃ ដោយបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ វាយប្រហារមកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ តាមរយៈទំព័រហ្វេសប៊ុកមុននេះ លោក ហេង វិសាល បានរៀបរាប់សេចក្តីថា “អត្ថបទមួយនេះគឺខ្ញុំសរសេរជូនទៅកាន់មិត្តអន្តរជាតិ នៅថ្ងៃនេះ ប្រទេសថៃបានល្មើសបទឈប់បាញ់ម្តងទៀតហើយ ដោយថ្ងៃនេះប្រទេសថៃបានធ្វើការបាញ់ប្រហារដោយកាំភ្លើងមកកាន់ប្រទេសកម្ពុជា ដែលនេះគឺជាការប្រឆាំងទៅលើបទឈប់បាញ់ ក៏ដូចជាមិនទុកមុខ និងមិនគោរពនៅការជួយរកសន្តិភាពរបស់ប្រធានាធិបតី Donald J. Trump និងMalaysiaដែលជាប្រធានប្តូរវេនអាសានផងដែរ”។ លោកថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ លោកពិតជាមានអារម្មណ៍ឈឺចាប់ និងភ័យខ្លាច ដែលមានប្រទេសជិតខាងដូចជាថៃ ដែលកាចសាហាវ មិនគោរពច្បាប់ និងមិនខ្លាចច្បាប់អន្តរជាតិទាល់តែសោះ ។ ជាមួយគ្នានេះ លោកក៏ស្នើរសុំឲ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះ បើមិនដូច្នេះទេ នឹងមានប្រទេសជាច្រើនទៀតនឹងយកគំរូតាមថៃដោយមិនស្តាប់ និងមិនខ្លាចច្បាប់អន្តរជាតិទៀតឡើយ ហើយពេលនោះ ពិភពលោកនឹងវឹកវរ សង្ឃឹមថាមិត្តបរទេសនឹងបានឃើញហើយពិចារណា អ្នកធ្វើវាមិនមែនដើម្បីកម្ពុជាទេ គឺធ្វើវាដើម្បីសន្តិភាពពិភពលោក។ “This article is written by me to my international friend. Today, Thailand has violated the ceasefire again. Today, Thailand fired a volley of bullets into Cambodia, which is a violation of the ceasefire and a lack of respect and honor for the support of Donald J. Trump and Malaysia, the rotating chairman of ASEAN. As a Cambodian citizen, I am now really hurt and afraid that there is a neighboring country like Thailand that is so lawless and has no respect for international law. As a person living on this earth, I really ask the international community to take some action to resolve this matter. Otherwise, many other countries will follow Thailand’s example of not listening to and not fearing international law. Then the world will be in chaos. I hope that foreign friends will see and consider. You are not doing this for Cambodia, but for world peace.” គួរជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះ កងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ ប្រភពដដែលបន្តទៀតថា កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។ ដោយឡែក ក្រសួងក៏បានបង្ហាញពីសកម្មភាពក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមានផងដែរ៕