លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ មានតែការសិក្សាទេ ទេីបធ្វេីឱ្យយេីងជៀសផុតពីការលំបាក
By Kang Tola
Copyright kampucheathmey
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ជំរុញឱ្យសិស្សនិសិត្សទាំងអស់ខំប្រឹង សិក្សារៀនសូត្រ ឱ្យមានចំណេះដឹង ទេីបក្លាយជាសសរទ្រូង នៃគ្រួសារ និងប្រទេសជាតិ។
មានតែការសិក្សាមួយគត់ទេីបនាំឱ្យយេីងអាចជៀសផុតជីវិភាពលំបាក ដូចពាក្យមួយបានពោលថា បេីយេីងឈប់រៀនដោយសារភាពក្រ នោះយេីងនឹងក្រមួយជីវិត បេីសិនយេីងឈប់រៀនដោយសារការលំបាកគឺយេីងនិងលំបាកមួយជីវិត។
ដូច្នេះលោកសូមបំផុសបំផុលស្មារតីដល់យុវជនគ្រប់រូបឱ្យមានឧត្ដមគតិស្រលាញ់ការសិក្សាដេីម្បីជាទុនក្រែប្រែជោគវាសនាពួកយេីង ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិរបស់ពួកយេីងផង និងការលេីកកម្ពស់ពីមួយជំនាន់ទៅមួយជំនាន់។
នេះបេីយោងតាមប្រសាសន៍ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតជ័យលាភី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេ ស៊ី លីដា។
ក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិកាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានថ្លែងថា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាសាកលវិទ្យាល័យ ដើម្បីភាពជោគជ័យក្នុងអាជីព មានចក្ខុវិស័យជាសាកលវិទ្យាល័យធុរកិច្ចឈានមុខប្រកបដោយឧត្តមភាពនិងភាពជោគជ័យរបស់និស្សិត មានមោទនភាពនិងកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់ ព្រមទាំងវត្តមានរបស់ឯកឧត្ដម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ អន្ដរជាតិ មាតា-បិតា អាណាព្យាបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកសិក្សា ដែលបានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី សរុបចំនួន ៦៣២ នាក់ ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ៣៨នាក់, បរិញ្ញាបត្រ ៤២៦នាក់ និងបរិញ្ញាបត្ររង ១៦៨នាក់ ក្នុងឱកាសដ៍មានសារៈសំខាន់នេះ ។
ស្ថិតក្នុងបរិយាកាសអធិកអាធម និងមានអត្ថន័យនាពេលនេះ សូមគោរពអនុញ្ញាតរាយការណ៍ដោយសង្ខេប ជូនអង្គពិធីអំពីវិវឌ្ឍនាការ និងសមិទ្ធផលដែលសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សម្រេចបានគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានដូចខាងក្រោម ៖
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមអនុក្រឹត្យលេខៈ ២៧ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ ០០០០៣៨៣៦ ។ មានបុគ្គលិកអចិន្ត្រៃយ៍សរុបចំនួន ១៧៥នាក់ ស្រី ៨២នាក់ សាស្ត្រាចារ្យ និងគ្រូបង្រៀនទាំងពេញម៉ោង និងវេលាការសរុបចំនួន២៨១នាក់ ក្នុងនោះមានគ្រូជនជាតិបរទេសចំនួន ៣ នាក់ ដែលសាស្រ្តាចារ្យ និងគ្រូបង្រៀនទាំងអស់មានសញ្ញាបត្រ ចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទ្បើងទៅ និងចំនួន២៥នាក់មានសញ្ញាបត្រកម្រិតបណ្ឌិត។
– សាកលវិទ្យាល័យមានកម្មវត្ថុធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមាន សាលាក្រោយបរិញ្ញាបត្រ និងមហាវិទ្យាល័យចំនួន០៥គឺ មហាវិទ្យាល័យហិរញ្ញវត្ថុនិងគណនេយ្យ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា។
– មានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដែលទទួលខុសត្រូវលើកិច្ចការស្រាវជ្រាវ បោះពុម្ពទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រ កិច្ចការបណ្តុះធុរកិច្ចថ្មី ធ្វើទំនើបកម្មនៃកម្មវិធីសិក្សា។ល។
– មានមជ្ឈមណ្ឌលការងារទទួលខុសត្រូវលើការស្វែងរកឱកាសការងារជូននិស្សិត ដោយធានាផ្តល់នូវព័ត៌មានគ្រប់គ្រាន់ពីស្ថាប័នដែលមានតម្រូវការបុគ្គលិក និងបច្ចេកទេសនៃការសរសេរប្រវត្តិរូបសង្ខេប ក៏ដូចជាគន្លឹះនៃការសម្ភាស ដើម្បីទទួលបានការងារធ្វើ ។
– ក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ទទួលបាននិស្សិតចុះឈ្មោះចូលសិក្សាចំនួន ០៩ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៩,២៣២ នាក់ និស្សិតស្រីចំនួន ៧,០៤៤ នាក់ ។ និស្សិតកំពុងបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង,បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់មាន ១៤០ ថ្នាក់ និស្សិតសរុបចំនួន ៥,៩០៧ នាក់ ស្រីមានចំនួន ៤,៤៩៤ នាក់ ។
➢ និស្សិតបញ្ចប់ការសិក្សា
▪️ ថ្នាក់បរិញ្ញាបត្ររង ៦ជំនាន់ មានចំនួន ៥៦៩នាក់ ស្រីចំនួន ៤៨៣ នាក់ ។
▪️ ថ្នាក់បរិញ្ញាបត្រ ៥ជំនាន់ មានចំនួន ១,២៩៧ នាក់ ស្រីចំនួន ១,០២៦ នាក់ ។
▪️ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២ជំនាន់ និស្សិតចំនួន ៥២ នាក់ ស្រីចំនួន ២៤នាក់ ។
▪️ សរុបនិស្សិតបានបញ្ចប់ការសិក្សាមានចំនួន ១,៩១៨នាក់ ស្រីចំនួន ១,៥៣៣នាក់ ។
▪️ យោងតាមរបាយការណ៍ស្តីពីការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ការសិក្សា និស្សិតមានការងារធ្វើចំនួន១,៨០៦នាក់ ស្មើនឹង៩៦% នៃចំនួនសិស្សិតបានបញ្ចប់ការសិក្សា និង ៤% ទៀតកំពុងបន្តការសិក្សាពុំទាន់មានបំណងរកការងារធ្វើនៅទ្បើយ។ ក្នុងនោះ ៨២,៧% មានការងារពេញម៉ោង៣,៦%មានការងារវេលាការ ២,២%មានសហគ្រាសផ្ទាល់ខ្លួន និង៨%ជានិស្សិតជួយអាជីវកម្មក្នុងគ្រួសារ។
▪️ និស្សិតចំនួន ៣១% នៃចំនួននិស្សិតកំពុងបន្តការសិក្សា ក៍កំពុងមានការងារធ្វើផងដែរ។
▪️ សាកលវិទ្យាល័យបាននឹងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រឲ្យសម្រេចបាននូវមជ្ឈមណ្ឌលឧត្តមភាពនៃការបង្រៀននិងរៀន(Center of Excellent of Teaching & Learning), ការកែលម្អកម្មវិធីសិក្សាលើការអនុវត្តការងារជាក់ស្តែង ជាពិសេសជំនាញទន់ ដោយបានបញ្ចូលវិធីសាស្រ្តបង្រៀនបែប Student Center រួមមាន Active learning, Inquiry-based, Project-based, កម្មវិធីហាត់ការនិងកម្មសិក្សាដល់និស្សិត និងបន្តអភិវឌ្ឍឱ្យបានល្អបំផុតពីមួយឆ្នាំទៅមួយឆ្នាំ ។
▪️ នៅក្នុងឆ្នាំ២០២៥នេះសាកលវិទ្យាល័យបានអភិវឌ្ឍមុខជំនាញថ្មីបន្ថែមគឺបរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Sceince) ។ ធ្វើទំនើបកម្មសីតូបករណ៍ស្របតាមយុគសម័យ ឌីជីថល ដោយកំពុងដំណើរការបំពាក់ Smart Class Room ជាបណ្តើរៗដែលនឹងផ្ដល់ឱ្យសាស្រ្តចារ្យ និង និស្សិតនូវបទពិសោធទាន់សម័យបំផុត នៃការបង្រៀននិងរៀន ។
▪️ ចាប់ពីឆ្នាំ២០២៦តទៅ សាកលវិទ្យាល័យមានគម្រោងអភិវឌ្ឍមុខជំនាញថ្មីបន្ថែមទៀត រួមមាន៖ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញបញ្ញាសម្បនិម្មិត Artificial Intelligent (AI) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ អភិបាលកិច្ចបច្ចេកវិទ្យាព័ត៌មាន (Information Technology Governance) និងមានគម្រោងបើកកម្រិតថ្នាក់បណ្ឌិត ជាដើម ។
▪️ សាកលវិទ្យាល័យបានជំរុញលើកទឹកចិត្តដល់សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតចូលរួមការងារស្រាវជ្រាវ និងបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ កន្លងមកបានបោះពុម្ពអត្ថបទស្រាវជ្រាវក្នុងទស្សនាវដ្តីស្រាវជ្រាវអន្តរជាតិ សរុបចំនួន៩អត្ថបទ ដែល៣អត្ថបទជាប់ក្នុង Scopus និងបានបោះពុម្ភទស្សនាវដ្តីស្រាវជ្រាវផ្ទាល់ខ្លួនគឺ AUB Research Series និង CJBPP ជាប្រចាំឆ្នាំ ដោយទទួលបានលេខ ISSN និង DOI សរុបបានចំនួន ៣២អត្ថបទ ។
▪️ កម្មវិធីExchange program ជាអន្តរជាតិ ក្រៅពីបន្តអនុវត្តតាមកម្មវិធីសិក្សាពីដៃគូសាកលវិទ្យាល័យ California Berkeley សហរដ្ឋអាមេរិច សាកលវិទ្យាល័យបានចុះអនុសារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ UNIVERISITAS MULTIMEDIA NUSANTARA (UMN) និង UNIVERSITAS MERDEKA MALANG (UMNER) នៃប្រទេសឥណ្ឌូនេស៊ី ដោយបានបញ្ជូននិស្សិតទៅសិក្សារយៈពេលខ្លីនៅប្រទេស Indonesia បានមួយជំនាន់ ។ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចូលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍(ASAIHL-អាសៃហ៊ីល)មានសមាជិក២៦៣សាកលវិទ្យាល័យមកពី២៨ប្រទេសទាំងនៅអាស៊ីនិងអឺរ៉ុប គិតត្រឹមឆ្នាំ២០២៤
▪️ សាកលវិទ្យាល័យក៏បានយកចិត្តទុកដាក់ចំពោះបរិស្ថានបានដាំកូនឈើនិងផ្កាជាច្រើនប្រភេទ សរុបចំនួន៨,២៦០ដើមនិងបន្តដាំឲ្យក្លាយជាសួនបរិស្ថានបៃតងមួយនៅរាជធានីភ្នំពេញ ។
ឯកឧត្ដម-លោកជំទាវ លោក-លោកស្រីនាងកញ្ញា ជាទីគោរព និងជាទីមេត្រី !
មុននឹងបញ្ចប់ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ក្នុងនាមតំណាង ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មាតា-បិតា អាណាព្យាបាល និង និស្សិតទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីចែកសញ្ញាបត្រនេះ និងសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបាននិងកំពុងគាំទ្រ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឱ្យទទួលបាននូវ សេចក្តីចម្រុងចម្រើន លូតលាស់ ប្រកបដោយមង្គលឧត្តុង្គឧត្តម រហូតដល់បច្ចុប្បន្ន។
ជាទីបញ្ចប់ សូមគោរពជូនពរលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់គ្រប់គ្រង កម្មករនិយោជិត គ្រប់លំដាប់ថ្នាក់ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាតា-បិតា អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លាងឃ្លាតទ្បើយ៕